នាព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ
បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣, នៅសាលាខេត្តបន្ទាយមានជ័យ,
លោក ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរ
តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមកិច្ចប្រជុំស្ដីពីការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ
និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
ក្នុងផែនការសកម្មភាពឆ្នាំ២០២៣
របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដម
យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) ឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក
នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, និងឯកឧត្ដម ប៉ាត់ សុក ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ,
លោក
លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ២៥រាជធានីខេត្ត អង្គភាពពាក់ព័ន្ធនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ,
រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់ នៃខេត្តបន្ទាយមានជ័យ,
មន្ទីរ និងអង្គភាពជំនាញជុំវិញរដ្ឋបាលខេត្តបន្ទាយមានជ័យ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ
សរុបប្រមាណ ៤០០រូប។
អង្គប្រជុំបានសម្ដែងនូវការកោតសរសើរចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ
អាជ្ញាធរមូលដ្ឋាននៃខេត្តបន្ទាយមានជ័យ, មន្ទីររៀបចំដែនដី
នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងអង្គភាពពាក់ព័ន្ធ
ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ
និងកំពុងសហការយ៉ាងជិតស្និតជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ដែលមានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការ
ដើម្បីបន្តជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋនេះឱ្យសម្រេចបានវឌ្ឍនភាពបន្ថែមទៀត
និងជំរុញការចុះដីរដ្ឋទៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។ ឆ្លៀតក្នុងឱកាសនេះ
ក៏មានការប្រគល់ប័ណ្ណកម្មសិទ្ធិចំនួន ១១៦ ប័ណ្ណកម្មសិទ្ធិ ជូនអង្គភាពកាន់កាប់ផងដែរ។